គិតមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន ដែលត្រូវគេហៅថាបុរសខ្លាំង បានកាន់អំណាចជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបាន៣១ឆ្នាំមកហើយ។ លោកបានចំណាយពេល៦ឆ្នាំ ធ្វើជារដ្ឋមន្រ្តីការបរទេស មុននឹងទទួលតំណែងជានាយករដ្ឋមន្រ្តី។នៅថ្ងៃខួប៣១ឆ្នាំនៃការកាន់អំណាចនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “៣១ឆ្នាំមុន គឺនៅថ្ងៃ១៤ ខែ មករា ឆ្នាំ ១៩៨៥ នោះហើយដែលរដ្ឋសភាបានបោះឆ្នោតជ្រើសរើសខ្ញុំព្រះករុណាខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី)នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់ពីការបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយះពេល៦ឆ្នាំហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីប្រមាណជាង៣ខែ តាំងពីពេលដែល ឯកឧត្តម ចាន់ ស៊ី ចេញទៅព្យាបាលជំងឺនិងទទួលមរណភាពនៅទីក្រុងមូស្គូ”។លោកបានបញ្ជាក់បន្ថែមថា៖ “ការគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ពិសេស សម្តេច ហេង សំរិន សម្តេច ជា ស៊ីម បងសាយ ភូថង បងជា សុទ្ធ ។ល។ ទើបមានការរៀបចំបែបនេះ”។