មន្រ្តីគណបក្សប្រជាជនកម្ពុជា ហាក់ពុំទាន់ជឿជាក់ ទៅនឹងការអនុវត្តរបស់ថ្នាក់ដឹកនាំ សកម្មជន រួមទាំងអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ ជុំវិញការបញ្ឈប់ ប្រើប្រាក់ពាក្យជេរប្រមាថ និងរិះគន់បែបអសីលធម៌ នៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងស្រុងនោះទេ បើទោះបីជាបក្សប្រឆាំងមួយនេះ បានចេញសេចក្តីអំពាវនាវជាថ្មី ឱ្យក្រុមរបស់ខ្លួនបញ្ឈប់ការរិះគន់ បែបអសីលធម៌ និងជេរប្រមាថក៏ដោយ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបាននិយាយថា លោកស្វាគមន៍ចំពោះ ការអំពាវនាវ របស់គណបក្សសង្រ្គោះជាតិ ដើម្បីឱ្យសកម្មជនរបស់ខ្លួន ជៀសវាងនូវការជេរប្រមាថ និងរិះគន់បែបអសីលធម៌ នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ដែលជាការទទួលស្គាល់កំហុស ប៉ុន្តែលោកមិនទាន់ជឿជាក់ ទាំងស្រុងនោះទេ ដោយសារតែកន្លង មកថ្នាក់ដឹកនាំបក្សប្រឆាំងនេះ ធ្លាប់បានអំពាវនាវច្រើនដងហើយ ប៉ុន្តែនៅតែមាន សកម្មជនជេរប្រមាថរហូតមក។