លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិថាក្រុមហ៊ុន ទ្រី ភាពនិងអាន ម៉ារ៉ាឌី មិនបានកាប់ឈើខុសច្បាប់នៅតំបន់ឧទ្យានជាតិវីរៈជ័យ តំបន់កន្ទុយនាគ ក្នុងស្រុកតាវែង ខេត្តរតនគិរី ដូចការចោទប្រកាន់នោះទេ។លោក ហ៊ុន សែន បញ្ជាក់បែបនេះជាការឆ្លើយតបទៅនឹងតំណាងរាស្ត្រគណបក្សប្រឆាំង២៣រូប ដែលបានដាក់លិខិតទៅលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយស្នើឲ្យបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន ទ្រី ភាពនិងអាន ម៉ារឌី ដែលក្រុមតំណាងរាស្ត្រអះអាងថាកំពុងកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ភូមិសាស្ត្រឧទ្យានជាតិវីរៈជ័យ។នៅក្នុងលិខិតមួយដែលដាក់ជូនរដ្ឋសភាហើយវីអូឌីទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានសរសេរថាតំបន់ឧទ្យានជាតិវីរៈជ័យស្ថិតនៅជាប់នឹងព្រំដែនកម្ពុជាវៀតណាម ហើយការគ្រប់គ្រងមានការលំបាកដោយសារខាងប្រទេសកម្ពុជាជាតំបន់ព្រៃឈើ គ្មានភូមិករ ប្រជាពលរដ្ឋរស់នៅ គ្មានផ្លូវគមនាគមន៍ ចំណែកទឹកដីប្រទេសវៀតណាមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភូមិករ ស្រែចម្ការ បណ្តាញអគ្គិសនីនិងផ្លូវគមនាគមន៍ខ្វែងខ្វាត់។