លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញការចាប់អារម្មណ៍របស់លោកជាថ្មីម្ដងទៀតថាហ្វេសប៊ុករបស់លោកនឹងមានអ្នកចូលចិត្តចំនួនច្រើនជាងគេខណៈលោកថ្លែងចំអកមិនចំឈ្មោះលើអ្នកនយោបាយម្នាក់ដែលមានចំនួនអ្នកចូលចិត្តនឹងតិចជាងលោក ហើយលោកថាកុំជេរប្រជាជន និងកុំជេរលោក។លោក ហ៊ុន សែន បានសរសេរដូចនេះលើទំព័រហ្វេសប៊ុករបស់លោកដែលបានចុះផ្សាយនៅថ្ងៃទី២៥។ សាររបស់លោកមានខ្លឹមសារដើមដូចនេះថា៖ «មុននោះគេតែងស្តីបន្ទោសគណៈកម្មាការបោះឆ្នោតនៅពេលគេចាញ់ការបោះឆ្នោតម្តងៗ។ លើកនេះប្រសិនគេច្រណែននិងប្រជាជនចូលចិត្តហើយ Likes ឱ្យ Facebook ខ្ញុំសង្ឃឹមថាពួកគេមិនទៅរករឿងក្រុមហ៊ុន Facebook នោះទេហើយក៏មិនចោទខ្ញុំថាយកសារ៉ុង ប៊ីចេង ទៅទិញទឹកចិត្តប្រជាជនឬគំរាមប្រជាជនឱ្យចុច Like ឱ្យខ្ញុំនោះដែរ»។ លោក ហ៊ុន សែន បានសរសេរបន្តទៀតថា៖ សង្ឃឹមថារៀមច្បងដែលអួតអាងនិងតាំងខ្លួនជាស្តេច Facebook នៅកម្ពុជាមេត្តាយោគយល់ព្រោះខ្ញុំជាអ្នកចំណូលថ្មីទើបបានប្រមាណ៤ខែប៉ុណ្ណោះ។ ប្រសិនប្រជាជន Like ឱ្យខ្ញុំច្រើនជាងសូមកុំជេរខ្ញុំ កុំជេរប្រជាជន និងកុំជេរក្រុមហ៊ុន Facebook ។