អនុប្រធានទី២គណបក្សហ្វ៊ុនសិនប៉ិចលោក ញឹក ប៊ុនឆៃ អះអាងថា លោកគ្មានបំណង ឬគម្រោងណាមួយប្រឆាំងនឹងសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ នោះទេ ហើយលោកនឹងមិនចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចជាដាច់ខាត ដោយលោកថា គណបក្សនេះជាផ្ទះតែមួយគត់របស់លោក។ការអះអាងបញ្ជាក់របស់លោកបែបនេះធ្វើឡើងក្រោយពីប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ កាលពីម្សិលមិញបានចេញលិខិតព្រមានមួយថា ព្រះអង្គគ្មានបំណងដេញសមាជិកណាចេញពីគណបក្សនោះទេ តែចំពោះសមាជិកណាដែលបំបះបំបោរអូសទាញបំបែកកម្លាំងរាជានិយម ព្រះអង្គគ្មានជម្រើសក្រៅពីអញ្ជើញឲ្យចេញពីបក្សនោះឡើយ។នៅក្នុងលិខិតបំភ្លឺចុះថ្ងៃទី២៦ ខែមករា លោក ញឹក ប៊ុនឆៃ លើកឡើងថា ថ្មីៗនេះ ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនប៉ិចដែលជាអតីតសមាជិកជាន់ខ្ពស់គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យបាននិងកំពុងបំផុសចោទប្រកាន់រូបលោកថាធ្វើសកម្មភាពប្រឆាំងសម្ដេចក្រុមព្រះ។