តាមរយ:ការបញ្ចេញសារនៅលើបណ្តាញសង្គមFacebook លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯបរទេស បានលើកឡើងពីមនោគមវិជ្ជារបស់គណបក្សនយោបាយនានា ក្នុងពិភពលោក កាលពីថ្ងៃទី២៦ មករា ២០១៦ ជាពេលដែលគណបក្សទាំងអស់ក្នុងពិភពលោក ជួបជុំគ្នានិយាយពីមនោគមវិជ្ជារបស់ខ្លួន។ឯកឧត្តមបានលើកឡើងថា គណបក្សនយោបាយនានាក្នុងពិភពលោ បានប្រមូលផ្តុំគ្នា តាមមនោគមវិជ្ជារបស់ខ្លួន ក្នុងអង្គការ ឬចលនាអន្តរជាតិ ធំៗ៣ ដែលឈរលើមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ គឺ- ចលនាអន្តរជាតិអភិរក្សនិយម - ចលនាអន្តរជាតិសង្គមនិយម និង ចលនាអន្តរជាតិសេរីនិយម ។ ដោយឡែកសម្រាប់នៅកម្ពុជា ឯកឧត្តមបានបង្ហាញនូវមនោគមវិជ្ជា របស់គណបក្សនយោបាយធំៗបីគឺ គណបក្ស ហ៊្វុនស៊ិនប៉ិច ស្ថិតក្នុងសមាជិក នៃចលនាអន្តរជាតិអភិរក្សនិយម គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសមាជិក នៃចលនាអន្តរជាតិសេរីនិយម ឯគណបក្សប្រជាជនកម្ពុជា បានសុំគេចូលជាសមាជិក នៃចលនាអន្តរជាតិសង្គមនិយម តែគេមិនឲ្យចូល ពីព្រោះគេយល់ឃើញថា គណបក្សប្រជាជនកម្ពុជា មិនទាន់មានលក្ខណៈប្រជាធិបតេយ្យទេ។