អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចតម្កល់ទុកឥតចាត់ការពាក្យបណ្ដឹងរបស់ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ដែលបានប្ដឹងរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង ពីបទបរិហារ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង។នៅក្នុងលិខិតជូនដំណឹងចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ផ្ញើជូនលោក សួន សេរីរដ្ឋា ព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ ឲ្យដឹងថា ការសម្រេចតម្កល់ឥតចាត់ការនេះធ្វើឡើងតាមដីកាសម្រេចលេខ៧៩ អ.យ.ង ចុះថ្ងៃទី២៩ ខែមករា។ ទោះយ៉ាងណា នៅក្នុងលិខិតជូនដំណឹងនោះ លោក មាស ច័ន្ទពិសិដ្ឋ មិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យលោកសម្រេចឥតចាត់ការបណ្ដឹងរបស់លោក សួន សេរីរដ្ឋា នោះទេ។លិខិតដដែលបន្តថា លោក សួន សេរីរដ្ឋា មានសិទ្ធិប្ដឹងឧទ្ធរណ៍នឹងដីកាសម្រេចនេះក្នុងរយៈពេល២ខែ ចាប់ពីថ្ងៃទទួលដំណឹងតទៅ។លោក សួន សេរីរដ្ឋា ចាត់ទុកការសម្រេចចិត្តមិនចាត់ការពាក្យបណ្ដឹងរបស់លោកនេះគឺជាភាព អយុត្តិធម៌មួយសម្រាប់រូបលោក។