ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានថ្លែងថាដំណោះស្រាយនយោបាយលក្ខណៈអន្តរជាតិ ជាការបើកផ្លូវមួយសម្រាប់លោកអាចវិលត្រឡប់ចូលប្រទេសវិញ ដើម្បីចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ។ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ខេត្តកណ្តាល តាមរយៈប្រព័ន្ធស្កេប(Skype) កាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិកបានថ្លែងថាលោកបានជួប ជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក តំណាងរាស្រ្តនិងព្រឹទ្ធសភាអាមេរិកនិងអ្នកមួយចំនួនទៀត ដែលបានតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា។ លោកបន្តថាសហរដ្ឋអាមេរិកកំពុងតែរៀបចំជួយដល់លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដមួយនៅកម្ពុជានិងការវិលត្រឡប់របស់លោកចូលមកប្រទេសកម្ពុជាវិញ។ប្រភពVOD