លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ទៅកាន់អ្នកកាសែតជើងចាស់ លោក ឆាយ សុផល ដោយបានកោតសរសើររូបលោកក្នុងការចងក្រងសៀវភៅទាក់ទងនឹង ជម្លោះព្រំដែនកម្ពុជានិងវៀតណាម។នៅក្នុងលិខិតចុះថ្ងៃទី៧ខែមករា ដែលលោក ឆាយ សុផល ផ្សព្វផ្សាយតាមហ្វេសប៊ុកកាលពីថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីបានសរសេរថាលោកបានទទួលសៀវភៅចំនួន១០ក្បាលដែលលោក ឆាយ សុផល បានផ្ញើមកឲ្យរូបលោកដើម្បីលោកអានស្វែងយល់។ សៀវភៅនោះមានចំណងជើងថា”សត្រូវមិត្តិភក្តិឯង ផែនដី និងផែនទីកម្ពុជាវៀតណាម(១៩៦២-២០១៥)” ។លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះលោកដែលបានខិតខំ ស្រាវជ្រាវចងក្រងសៀវភៅដ៏មានសារៈសំខាន់នេះឡើងទុកជាឯក សារសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ”។