តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានដាក់លិខិត មួយច្បាប់ទៅរដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយស្នើឲ្យពន្លឿនបញ្ជូនសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ(Arms Trade Treaty)ដែលកម្ពុជាគាំទ្រនៅអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៣ ឲ្យរដ្ឋសភាផ្តល់សច្ចាប័នដើម្បីអាចប្រើប្រាស់បាន។នៅក្នុងលិខិតមួយចុះថ្ងៃទី២៩ ខែមករាហើយដាក់ទៅរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ តំណាងរាស្រ្ត លោក សុន ឆ័យ បានលើកឡើងថាសន្ធិសញ្ញានេះត្រូវបានរដ្ឋាភិបាលចុះហត្ថលេខាគាំទ្រកាលពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣។ លោកបន្តថាលោកបានដាក់សំណើនេះទៅក្រសួងការបរទេសកម្ពុជា តែត្រូវបានណែនាំឲ្យដាក់ទៅក្រសួងការពារជាតិវិញដែលទទួលខុសត្រូវលើ សន្ធិសញ្ញានេះ។លោក សុន ឆ័យ បានបញ្ជាក់ថា៖ “សូមឯកឧត្តមមេត្តាពិនិត្យលទ្ធភាពក្នុងការធ្វើសំណើមករដ្ឋសភាឲ្យធ្វើការពិនិត្យនិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងArms Trade Treaty(ATT)នៅពេលឆាប់ដែលអាចធ្វើទៅបាន”។