ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះបានបដិសេធថាលោកមិនមានគម្រោងទៅក្រៅប្រទេសដើម្បីគេចខ្លួននៅពេលមានបាតុកម្មប្រឆាំងរូបលោក។ក្នុងពេលចុះសួរសុខទុក្ខសកម្មជនបក្សប្រឆាំងនៅពន្ធនាគារព្រៃស លោក កឹម សុខា បានលើកឡើងថាលោកមិនចេញទៅប្រទេសណានោះទេ បើទោះមានបាតុកម្មប្រឆាំងរូបលោក។ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានសួរថាបើមានបាតុកម្មតើលោកនឹងមា នគម្រោងចាកចេញពីប្រទេសកម្ពុជា លោកមានប្រសាសន៍ថា៖ “ហេ! ខ្ញុំមិនទៅណាទេ។ ខ្ញុំធ្វើការនៅទីនេះ”។ការលើកឡើងរបស់លោក កឹម សុខា ធ្វើឡើងក្រោយពេលបុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុកនិងគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទ លោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។