លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង អំពាវនាវដល់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសឲ្យរក្សាភាពស្ងប់ស្ងាត់ ដោយលោកបារម្ភថា ដៃគូប្រកួត អាចនឹងយកសកម្មជននៅក្នុងប្រទេស ធ្វើជាចំណាប់ខ្មាំងបើមានកាតវ៉ាណាមួយ ប្រឆាំងមេដឹកនាំបក្សកាន់អំណាចនៅសហរដ្ឋអាមេរិកនោះ។ការព្រួយបារម្ភរបស់លោក សម រង្ស៊ី នេះធ្វើឡើងបន្ទាប់ពីសមាគមខ្មែរនៅអាមេរិក ប្រកាសថា ពួកគេនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលលោកទៅចូលរួមប្រជុំកំពូលអាស៊ានអាមេរិក នៅថ្ងៃទី១៥ ខែកុម្ភៈនេះ។ព័ត៌មាននៃការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅអាមេរិកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សកំពុងគ្រប់គ្រងអំណាចផងនោះ បានព្រមានតបវិញតាមបណ្តាញសង្គមរបស់លោកថា ពួកគេមានសិទ្ធិធ្វើបាតុកម្មប្រឆាំងនឹងលោកនៅក្រៅប្រទេស លោកថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏មានសិទ្ធិធ្វើបាតុកម្មប្រឆាំងមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេស ដូចគ្នាដែរ។