គណបក្សសង្រ្គោះជាតិ ដាក់លិខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញ ដោយស្នើឲ្យចាត់កម្លាំងការពារផ្ទះរបស់មេដឹកនាបក្សប្រឆាំង ព្រមទាំងទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែក្រោមផងដែរ។ក្នុងលិខិតមួយដែលសរសេរទៅអភិបាលរាជធានីភ្នំពេញ គណៈកម្មាធិការប្រតិបត្តិគណបក្សប្រឆាំង បានស្នើឲ្យចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាពទីស្នាក់ការកណ្តាលគណបក្ស រួមទាំងគេហដ្ឋានលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងអ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណបក្សសង្រ្គោះជាតិ។កាលពីសប្តាហ៍មុន ប្រធានស្ដីទីគណកបក្សសង្គ្រោះជាតិលោក កឹម សុខា ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចាត់វិធានការការពារសន្តិសុខសុវត្ថិភាពជូនតំណាងរាស្ត្រ ថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រឆាំង ដោយលើកឡើងថាមានការគំរាមធ្វើបាតុកម្មនិងអាចមានការបំពានដល់រាងកាយពួកគេ។ ការស្នើសុំនេះបន្ទាប់ពី បុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុកនិងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទលោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។