លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងក្តីរីករាយនឹងជោគជ័យក្នុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នៅរមណីយដ្ឋានលំហែកាយ Sunnylands រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។លោក ហ៊ុន សែន ដែលកំពុងធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញ ក្រោយកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅសហរដ្ឋអាមេរិកនេះ បានសរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃពុធនេះថា កិច្ចប្រជុំនៃមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក«បានបញ្ចប់ទៅប្រកបដោយជោគជ័យ ភាពជាដៃគូយុទ្ធសាស្ត្រ ត្រូវបានពង្រឹងថែមមួយកម្រិតទៀតរវាងអាស៊ាន និងសហរដ្ឋអាមេរិក»។ លោកថាគណៈប្រតិភូកម្ពុជា រួមទាំងរូបលោក និងមន្ត្រីសំខាន់ៗមួយចំនួន បានរួមវិភាគទានសម្រាប់ជោគជ័យនេះក្នុងនាមកម្ពុជាជាសមាជិកអាស៊ាន។លោកនាយករដ្ឋមន្ត្រីរូបនេះបានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងសហការីរបស់គាត់ ដែលបានទទួលពួកយើងដោយរាក់ទាក់ស្និទ្ធស្នាល និងជិតស្និទ្ធ ព្រមទាំងរៀបចំកិច្ចប្រជុំល្អឥតខ្ចោះ ដែលជាកត្តាកំណត់នៃជោគជ័យនៃកិច្ចប្រជុំនេះ»។