បើទោះបីជាសកម្មជនគណបក្សសង្គ្រោះជាតិទាំង១៥រូប បដិសេធមិនចង់ជួបជាមួយប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ ក៏ដោយ ប៉ុន្តែមេដឹកនាំគណបក្សថ្មីមួយនេះ បញ្ជាក់ថា ខ្លួននៅតែទៅជួបសកម្មជនទាំងនោះ បើសិនជាក្រសួងមហាផ្ទៃអនុញាត។ លោកពេជ្រ ស្រស់ បានលើកឡើងនៅលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈនេះថា ការបដិសេធសំណើរបស់លោក ក្នុងការចូលសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិ ហាក់បីដូចជាការបដិសេធយ៉ាងតក់ក្រហល់ពេកហើយ ស្របពេលក្រសួងមហាផ្ទៃមិនទាន់ឆ្លើយតបសំណើរថាយ៉ាងណានោះ។ លោកបន្តបញ្ជាក់ថា ទោះបីជាបដិសេធយ៉ាងណាក៍ដោយ បើសិនជាក្រសួងមហាផ្ទៃអនុញាតអោយចូលជួប គណបក្សយុវជនកម្ពុជានឹងបន្តចូលជួបដដែល ហើយក្រុមការងារគណបក្សយុវជនកម្ពុជាគ្មានបំណងកេងចំណេញអ្វីទាំងអស់។