មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ (គ.ជ.ប) ចាប់ពីថ្នាក់អគ្គលេខាធិការ ដល់ប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី-ខេត្ត ត្រូវបានប្រកាសចូលកាន់តំណែង និងផ្ទេរបញ្ចូលជាមន្ត្រីរាជការ ជាផ្លូវការនៅថ្ងៃទី២៣ កុម្ភៈ តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។ពិធីប្រកាសនេះធ្វើឡើងនៅទីស្ដីការគ.ជ.ប ក្រោមអធិបតីភាពប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក។ ការប្រកាសចូលកាន់តំណែងនៅពេលនេះ មានអគ្គលេខាធិការគ.ជ.ប មួយរូប លោក ទេព នីថា និងអគ្គលេខាធិការរងចំនួន៤រូប ទៀត ដែលទើបជ្រើសរើសបានកាលពីចុងខែមករា។ចំណែកមន្ត្រីគ.ជ.បមួយចំនួនទៀត ដូចជា ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី-ខេត្ត ត្រូវបានផ្ទេរបញ្ចូលជាក្របខ័ណ្ឌមន្ត្រីរាជការ ចំណុះឲ្យគ.ជ.ប។