ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានអះអាងថា គណបក្សសង្គ្រោះជាតិមានគោលដៅ “ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត និង ដើម្បីនាំមកនូវការផ្លាស់ប្ដូរនៅកម្ពុជា”។ ប្រធានស្តីទី គណពក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា «កន្លងមកសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើដំណើរឆ្លងកាត់នូវឧបសគ្គ និងគ្រោះថ្នាក់ជាច្រើន។ ក៏ប៉ុន្ដែរហូតមកដល់ពេលនេះ ដោយការអំណត់ព្យាយាមរបស់សកម្មជន និងថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ បានធ្វើដំណើរជិតដល់គោលដៅរបស់ខ្លួនហើយ»។លោក កឹម សុខា បានចេញជាសារនយោបាយថា «ដូច្នេះ ដើម្បីសម្រេចនូវគោលដៅនេះ ខ្ញុំយល់ឃើញថា យើងមិនគួរ និងមិនចាំបាច់ យកក្បាលជល់ថ្ម ឬ ជល់ជញ្ជាំង ឬ ទ្វារ ដែលជាឧបសគ្គនោះទេ យើងត្រូវទម្លុះទម្លាយឧបសគ្គនោះដោយប្រើបញ្ញា ដែលជាគន្លឹះ ជាកូនសោ សម្រាប់ចាក់បើកទ្វារនោះឲ្យដល់គោលដៅ ដែលជាសេចក្ដីប្រាថ្នារបស់ប្រជាពលរដ្ឋយើង។