ប្រតិកម្មរបស់មន្ត្រីប្រឆាំងកើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅការឃោសនានយោបាយរបស់មេដឹកនាំគណបក្សប្រឆាំងថាមានចេតនាញុះញង់បង្កចលាចល។ការទាញយកមុខមាត់រវាងគណបក្សប្រឆាំងនិងរដ្ឋាភិបាលពីការកែទម្រង់នានានៅបន្តមានមិនដាច់ស្រេច។ ក្នុងខណៈពេលដែលអ្នកតាមដានមើលឃើញថាវាកើតឡើងដោយសារតែគណបក្សប្រឆាំងបានកើនឡើងសំឡេងទើបរដ្ឋាភិបាលខិតខំប្រឹងកែប្រែប៉ុន្តែរដ្ឋាភិបាលអះអាងថានោះជាផ្នែកមួយនៃការងាររបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ។លោក សុន ឆ័យ ជាអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ និង ជាអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៅរដ្ឋសភាជាតិ ថ្លែងថា គណបក្សប្រឆាំងមានតួនាទីពិនិត្យលើចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលនៅលើកិច្ចការអភិវឌ្ឍន៍ប្រទេស។