លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោបអំណាចឬការគ្រប់គ្រងមកក្នុងក្រសួងរបស់ខ្លួនតែម្នាក់ឯង ដោយលោកបានកោតសរសើររដ្ឋមន្រ្តីក្រសួងបរិស្ថានថាជារដ្ឋមន្រ្តីតែមួយគត់ខុសគេក្នុងរយៈពេល៣០ឆ្នាំនៃដឹកនាំរបស់លោក។ក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថាលោកសូមសរសើររដ្ឋមន្រ្តីថ្មីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលជាកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថាជារដ្ឋមន្រ្តីដែលបានស្នើរូបលោកផ្ទេរការងារមួយចំនួនទៅឲ្យក្រសួងផ្សេង។លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ “ហើយសង្ឃឹមថារដ្ឋមន្រ្តីនានាមិនឲ្យការងារនេះបន្តទៀតទេ ហើយអាកម្មវិធីផ្ទេរមុខងារនិងប្រតិភូកម្មទៅថ្នាក់ក្រោមជាតិនុះ…សង្ឃឹមថាឯកឧត្តមរដ្ឋមន្រ្តី គឺនឹងមិនអោបការងារបន្តទៀតទេ”។