លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាជាថ្មីឲ្យមន្រ្តីពាក់ព័ន្ធដែលចូលរួមបង្រ្កាបការកាប់បំផ្លាញព្រៃឈើ ឲ្យធ្វើការងាររបស់ខ្លួន ដោយលោកដាក់ការសង្ស័យថាការមិនបង្រ្កាបអាចមកពីមន្រ្តីទាំងនោះចូលដៃជាមួយឈ្មួញដឹកឈើ។ក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថាន លោក ហ៊ុន សែន បានថ្លែងបន្ទោសទៅភាគីពាក់ព័ន្ធ ដោយថាមិនបានយកភ្នែកមើលករណីដឹកឈើតាមរថយន្ត។ លោកមានប្រសាសន៍ថា៖ “ប៉ុន្តែរឿងដឹកឈឺនេះ អាហ្នឹងវាដឹកហ្នឹងឡាន ហើយធំៗណាស់ ហើយចុះភ្នែកទៅណាអស់ ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលិស ទាំងភ្នែកប៉េអឹម ទាំងភ្នែករដ្ឋបាលព្រៃឈើ ទាំងភ្នែកបរិស្ថាន ភ្នែកទៅណាអស់ទៅ ឬក៏អាហ្នឹង ហ្នឹងគេដែរ វាណាស់តែអ៊ីចឹង”។