លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបើកវេទិកាសកម្មជនមូលដ្ឋាន ដើម្បីជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន ចលនាស្ត្រី និងចលនាខ្មែរ–ឥស្លាម ខេត្តកំពត កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ។ លោក កឹម សុខា បានស្នើឲ្យពលរដ្ឋធ្វើការផ្លាស់ប្ដូរមេដឹកនាំប្រទេសតាមរយៈការ បោះឆ្នោតត្រឹមត្រូវ ដោយអហិង្សា។ វេទិកានេះ ប្រព្រឹត្តទៅនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។លោក កឹម សុខា មេដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំង បានអំពាវនាវជាថ្មីទៀត ឲ្យមេដឹកនាំខ្មែរទាំងអស់ ឲ្យតម្លៃជាតិជាធំ ហើយងាកមករួបរួមគ្នាដើម្បីកសាងប្រទេសជាតិ។លោក កឹម សុខា មានប្រសាសន៍ថា បើសិនជាគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត លោកថាគណបក្សនេះនឹងរៀបចំប្រទេសឲ្យល្អ រៀបចំឲ្យប្រទេសមួយមានការគោរពច្បាប់ទម្លាប់ត្រឹមត្រូវ គោរពគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងមិនឲ្យមានរឿងអយុត្តិធម៌ក្នុងសង្គមឡើយ។