លោក ស៊ុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ(CNRP) នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦បានឲ្យដឹងថា គណៈកម្មការចំពោះកិច្ច របស់គណបក្សសង្រ្គោះជាតិ នឹងគណបក្សប្រជាជនកម្ពុជា នឹងជួបគ្នាម្តងទៀតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ខាងមុខ នាវិមានរដ្ឋសភា ដើម្បីពិភាក្សាទៅលើសេចក្តីព្រាងច្បាប់សហជីពបន្ត ក្រោយពីបក្សទាំងពីរបញ្ចប់កិច្ចពិភាក្សានាពេលកន្លងមក។សេចក្តីព្រាងច្បាប់សហជីពនេះ មាន១៧ជំពូក និង៩១មាត្រា បានស្ថិតនៅក្នុងភាពប្រទាញប្រទង់គ្នា រវាងសហជីពនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត ដោយសារសហជីព មិនចង់ឲ្យរដ្ឋសភាអនុម័ត ដោយពួកគេលើកហេតុផលថា ច្បាប់នេះ បានបិទសិទ្ធិសេរីក្នុងការ បញ្ចេញមតិនោះ ត្រូវបានគណៈកម្មការ ចំពោះកិច្ចនៃបក្សទាំងពីរបានបិទ បញ្ចប់នាព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០១៦ ។ សម្រាប់ករណីនេះ សហជីពបានលើក ឡើងថា នៅមានចំណុចមួយចំនួន ហាក់មិនបានឆ្លើយតប មកក្រុមសហជីព ដែលពួកគេទាមទារចង់បាននោះទេ។