ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី ដែលកំពុងគេចខ្លួន នៅក្រៅប្រទេស ហើយគេចវេះ ពីការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ឆ្លៀតវាយប្រហាររាជ រដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាចំណាកស្រុក ទៅក្រៅប្រទេស របស់ប្រជាពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ន។យោងតាមបណ្ដាញទំនាក់ទំនងសង្គម (CNRP) ប្រធានគណបក្សប្រឆាំង បានសរសេរថា បរាជ័យនយោបាយ កសិកម្មរបស់រដ្ឋាភិបាល ធ្វើឲ្យកសិករខ្មែរធ្លាក់ខ្លួន កាន់តែក្រទៅៗ ហើយត្រូវចំណាកស្រុក កាន់តែច្រើនឡើងៗ។ មិនដែលឃើញទេ ក្នុងប្រវត្តិសាស្ត្រប្រទេស កម្ពុជា ដែលកសិករខ្មែររាប់សែននាក់ ត្រូវរត់ចោលដីស្រែដីចម្ការ និងផ្ទះសំបែងរបស់ខ្លួន ហើយត្រូវចាកចេញពី ស្រុកកំណើតរបស់ខ្លួនបែបនេះ។លោក សម រង្ស៊ី បានបន្តថា “គោលដៅរបស់រដ្ឋាភិបាល គឺចង់នាំអង្ករចេញ ទៅលក់ក្រៅប្រទេស ចំនួនមួយលានតោន ក្នុងមួយឆ្នាំ តែគោលដៅនេះ មិនបានសម្រេចទេ។