លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខបដិសេធជាលើកដំបូងថាលោកមិនបានទិញចំនួន like ពីក្រុមហ៊ុនហ្វេសប៊ុកនោះទេហើយក៏បានរិះគន់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ថាប្រកួតចាញ់លោកហើយមិនព្រមទទួលចាញ់។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុនដែលធ្វើ ឡើងនៅកោះពេជ្រកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីថ្លែងថាចំនួន like ដែលចេះតែកើននៅលើហ្វេសប៊ុកលោកជាបន្តបន្ទាប់គឺបានមកដោយសារគេ ចូលចិត្តខណៈលោកបដិសេធថាមិនបានយកលុយទៅទិញចំនួន like នោះទេ។ លោកថាសូម្បីតែខ្លួនលោកក៏មិនដឹងថាចំនួន like នោះបានមកពីណាផង។ តែលោកថា បើមានគេ like ច្រើនជារឿងល្អសម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា។ លោកថា៖ «ហើយខ្ញុំទៅដឹងអីអាណា like មកពីណាបើខ្ញុំទៅទិញ like ពីឥណ្ឌាបានខ្លាំងមែនហ្មងប៉ុន្តែខ្ញុំសប្បាយចិត្តទៅវិញទេសប្បាយ ចិត្តត្រង់ថាខ្ញុំ ហ៊ុន សែន ត្រូវបានប្រជាជនឥណ្ឌា និងប្រជាជននៅក្រៅប្រទេសទទួលស្គាល់ថាជានាយករដ្ឋមន្ត្រីរបស់ កម្ពុជា។