លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេស ត្រូវបានព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះអញ្ជើញឲ្យចូលខ្លួនមកបំភ្លឺពាក់ព័ន្ធបណ្តឹងរបស់ លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ពីបទផ្សាយព័ត៌មាននៅលើទំព័រហ្វេសបុក។ យ៉ាងណាក៏ដោយ លោកសម រង្ស៊ី បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិពីក្រៅប្រទេសថា លោកមិនខ្វល់នឹងបណ្តឹងថ្មីនេះនោះឡើយ។ តាមរយៈដីកាកោះមួយរបស់សាលា ដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១០ មីនា និងទើបបានមកដល់ដៃសារព័ត៌មាននៅថ្ងៃទី១៧ មីនា ម្សិលមិញនេះ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញលោកសៀង សុខ បានតម្រូវឲ្យលោក សម រង្ស៊ី ចូលខ្លួនមកកាន់តុលាការនៅវេលាម៉ោង ៩ព្រឹក នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ខាងមុខ។ ការកោះហៅនេះ គឺដើម្បីមកបំភ្លឺជុំវិញបណ្តឹងរបស់លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មកលើលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ ក្រៅពីកោះហៅលោកសម រង្ស៊ី លោកព្រះរាជអាជ្ញារងក៏បានកោះហៅលោកសោម សឿន ដែលជាដើមបណ្តឹងចូលមកបំភ្លឺនៅថ្ងៃទី២៣មីនាសប្តាហ៍ក្រោយនេះដែរ។ប្រភពប្រាប់វិទ្យុបារាំងអន្តរជាតិRFI