គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងរៀបចំធ្វើសន្និបាតប្រចាំឆ្នាំរបស់ខ្លួនកាលពីព្រឹកថ្ងៃទី២៦ មីនា ឆ្នាំ២០១៦ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំកន្លងទៅ នឹងរៀបចំផែនការងារទៅថ្ងៃអនាគតទៀត ដែលមានអ្នកចូលរួមប្រមាណ១៥០០នាក់។សន្និបាតគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះធ្វើឡើងនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ខណៈពេលដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថ្លែងសារទៅកាន់ អ្នកគាំទ្ររបស់ខ្លួននោះ ក៏មានយុវជនមួយក្រុមប្រមាណ១០នាក់ បានប្រើឧបករណ៍បំពងសំឡេងនៅក្បែរវេទិកាស្រែកទាមទារឲ្យលោក កឹម សុខា បកស្រាយជុំវិញបញ្ហាខ្សែអាត់សំឡេង។ ទោះយ៉ាងណា រហូតដល់ម៉ោងជាង១០ព្រឹកនេះ មិនមានការប៉ះទង្គិចគ្នាកើតឡើងទេ។នៅជុំវិញបរិវេណក៏មានកម្លាំងកងរាជអាវុធហត្ថ និង កងសន្តិសុខខណ្ឌ ប្រមាណ ២០នាក់ឈរយាមនៅក្បែរនោះដែរ។ប្រភពVOD