ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចាត់ទុកចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើករណី លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ជារឿងគ្មានប្រយោជន៍ដល់សាធារណៈនិងថាអង្គភាពនេះមិនស្គាល់ពីតួនាទីរបស់ខ្លួន។កាលពីថ្ងៃទី២៤ខែមីនា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទថាអំពើពុករលួយគឺជាទង្វើរបស់អ្នកមានអំណាចក្នុងការកេងប្រវ័ញ្ចនិងលួចផលចំណេញពីការលក់ដូរឬការប្រើប្រាស់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រនិងទ្រព្យសម្បត្តិរដ្ឋ ជាពិសេសតាមរយៈការគ្រប់គ្រងថវិកាជាតិ។ លោកបន្តថា៖“មានតែមន្ត្រីគណបក្សកាន់អំណាច(CPP)ទេដែលអាចប្រព្រឹត្តទង្វើបែបនេះបាន ពីព្រោះវាជាការប្រើអំណាចរបស់រដ្ឋដោយខុសច្បាប់ ដើម្បីបំផ្លិចបំផ្លាញផលប្រយោជន៍សាធារណៈ”។ប្រភពVOD