ស្ត្រីជាសកម្មជនព្រៃឡង់ដែលទៅទទួលពានរង្វាន់អេក្វាទ័រនៅប្រទេស បារាំងត្រូវបានអ្នកកាប់ឈើខុសច្បាប់លបកាប់ ២ ពូថៅបណ្តាលឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃអាទិត្យនៅពេលដែលកំពុងតែ ដេកល្បាតព្រៃក្នុងស្រុកសំបូរ ខេត្តក្រចេះ។សកម្មជនការពារព្រៃឡង់ក្នុងឃុំកំពង់ចាម ខេត្តក្រចេះចំនួន ៥២ នាក់ (ស្រី ៦ នាក់) ជិះម៉ូតូ ៤៥ គ្រឿងបានចុះល្បាតព្រៃរយៈពេល ៥ ថ្ងៃចាប់តាំងពីថ្ងៃពុធសប្តាហ៍មុនមក។ ក្រុមល្បាតបានបង្ក្រាបបទល្មើស និងដកហូតម៉ាស៊ីនអារឈើចំនួន ១៤ គ្រឿង និងឈើជាង ១០ ម៉ែត្រគុបហើយបង្ខំឲ្យជនល្មើសជាង ២០ នាក់ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបទល្មើសទៀត។បណ្តាញសហគមន៍ព្រៃឡង់លោក ផៃ ប៊ុនលាង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ការបង្ក្រាបនេះធ្វើឲ្យជនល្មើសខឹងសម្បាហើយនៅរំលងអធ្រាត្រឈានចូល ថ្ងៃអាទិត្យទី ២៧ មីនាវេលាម៉ោងជិត ២ ជនល្មើសម្នាក់បានលបកាប់សកម្មជនជាស្ត្រីឈ្មោះ ផន សុភ័ក្ត្រ អាយុ ២៥ ឆ្នាំបណ្តាលឲ្យរបួសធ្ងន់ធ្ងរត្រង់ជើងឆ្វេង។ ប្រភពភ្នំពេញប៉ុស្ដិ៍