ក្រសួងមហាផ្ទៃបញ្ជាឲ្យមន្ត្រី បន្តធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ដោយអះអាងថា ជាការបង្កលក្ខណងាយស្រួលដល់ពលរដ្ឋចំណាកស្រុកពេលពួកគេវិលត្រឡប់ទៅលេងស្រុកកំណើត ក្នុងពិធីបុណ្យប្រពីណៃជាតិខ្មែរ។ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខ។សេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី០១ ខែ មេសា បានសរសេរថា កន្លងទៅស្ថាប័នជំនាញមួយនេះ រកឃើញថា ចំនួនប្រជាពលរដ្ឋដែលធ្វើអត្តសញ្ញាណប័ណ្ណ មានការថយចុះដោយសារកត្តាចំណាកស្រុកមានចំនួនច្រើន។សេចក្តីណែនាំបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ ពលរដ្ឋចំណាកស្រុកទាំងនោះ ពួកគេនឹងវិលត្រឡប់មកស្រុកកំណើតរបស់ពួកគេវិញ ដើម្បីចូលរួមប្រារព្វពិធីបុណ្យចូលឆ្នាំនេះ។ប្រភពVOD