លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានបញ្ជាឲ្យចាប់ខ្លួនមន្រ្តីរដ្ឋបាលមួយចំនួនដែលលោកថាជាមនុស្សដែលត្រូវបានប្រើដោយបក្សនយោបាយមួយចំនួនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថាមនុស្សមួយចំនួនតែប៉ុណ្ណោះនៅតាមរដ្ឋបាលសាធារណៈដែលធ្វើឲ្យខូចឈ្មោះរបស់រដ្ឋាភិបាល ហើយមន្រ្តីទាំងនោះជាមនុស្សរបស់បក្សនយោបាយផ្សេង។លោកមានប្រសាសន៍ថា៖ “កន្លែងខ្លះ មន្រ្តី១ពាន់នាក់ មានមន្រ្តីតែបួនប្រាំនាក់ទេ ដែលខិលខូច ប៉ុន្តែវាធ្វើឲ្យខូចមន្រ្តី១ពាន់នាក់។ មិនមែនមន្រ្តីយើងខូចច្រើនជាងល្អទេ ភាគច្រើនល្អ ធ្វើការត្រឹមត្រូវ។ ប៉ុន្តែមួយចំនួនតូចណានោះ មានចេតនារុញឲ្យខ្លោច រោចឲ្យឆៅ។ ហើយតាមការស្រាវជ្រាវខ្លះ គឺជាមនុស្សរបស់បក្សផ្សេង គេចង់ធ្វើរឿងហ្នឹង ដើម្បីឲ្យរដ្ឋបាលរបស់យើងខូចឈ្មោះ”។ប្រភពVOD