គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា បានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយដើម្បីដំណើរការចុះឈ្មោះបោះឆ្នោត ប៉ុន្តែនៅមិនទាន់កំណត់កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតជាផ្លូវការទេរហូតមកទល់ពេលនេះ។ សង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងការងារបោះឆ្នោត ជំរុញឲ្យ គ.ជ.ប ពន្លឿនកិច្ចការនេះឲ្យបានឆាប់ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងជឿទុកចិត្តបាន។
បញ្ហាដែលមិនអាចដំណើរការចុះឈ្មោះបោះឆ្នោតបាននៅពេលនេះ ត្រូវបានប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ខន កែវមនោ ពន្យល់ថា គឺដោយសារ គ.ជ.ប មិនទាន់ទទួលបានសម្ភារៈ និងបរិក្ខារបម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងការប្រកាសកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតពីរដ្ឋាភិបាល។