តំណាងរាស្ត្របក្សប្រឆាំងមួយរូបគឺលោក អេង ឆៃអ៊ាង បានរិះគន់ចំៗទៅលើប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀងថា ការចុះឃាត់ខ្លួនមេឃុំម្នាក់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម លោកថាយន្តការចាប់ឃាត់ខ្លួននោះ មិនខុសពីរបបខ្មែរក្រហម។តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃទី២៤ ខែមេសានេះថា នៅវេលាម៉ោង ១០:៣០ នាទី ព្រឹកមិញនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀង បានទៅចាប់ខ្លួន លោក ស៊ាង ចែត មេឃុំស្រក មកពីគណបក្សសម រង្សុី នៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម យកមកភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងលុយ ៥០០$ ដែលឈ្មោះខុម ចាន់តារាទី ហៅស្រីមុំ បានឆ្លើយដាក់។លោក អេង ឆៃអ៊ាង សរសេរទៀតថា ការចាប់ខ្លួនមនុស្ស ដោយយោងតាមការឆ្លើយដាក់ពីមនុស្សម្នាក់បែបនេះ លោកថា មិនខុសពីរបបខ្មែរក្រហមឡើយ។