ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជាលោក ធន់ សារ៉ាយ បានបង្ហាញពីការហួសចិត្តទៅនឹងទង្វើរបស់កញ្ញា ខុមចាន់តារាទី ហៅស្រីមុំ ដែលទទូចសុំឱ្យសមាគមរបស់លោកជួយការពារហើយ បែរជាងាកមកខាំវិញទាំងដែរអាដហុកខ្លួនឯងមិនបានដឹងអ្វីទាល់តែសោះ ។
ការលើកឡើងរបស់លោក ធន់ សារ៉ាយ នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកស្តីពី "ការបង្ហាញអាណត្តិការងាររបស់អាដហុកទាក់ទិននឹងករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ » កាលពីថ្ងៃទី២៦ មេសា នេះ នៅ ការិយាល័យអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា។
កាលពីថ្ងៃទី ២៣ មេសា កន្លងទៅ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានចេញលិខិតចំហចំនួន៤ទំព័រ រៀបរាប់ស្តីពីការឈឺចាប់របស់នាង និងចោទប្រកាន់ថា អង្គការសមាគម នៅកម្ពុជាមួយចំនួនបានលួងលោមបោកប្រាស់នាង និងឲ្យរួបនាងនិយាយកុហកសមត្ថកិច្ចនិងមហាជន។
មន្ត្រីសង្គមស៊ីវិលនិងមន្ត្រីអង្គការសហប្រជាជាតិដែលនាងបានឆ្លើយដាក់នោះ រួមមាន លោក នី សុខា លោក យី សុខសាន្តលោក ណៃ វ៉ាន់ដា លោកស្រី លឹម មុន្នី មន្ត្រីអង្គការអាដហុក លោកស្រី ធីដាឃិះ ប្រធានអង្គការសីលការ លោកស៊ឺន សាលី មន្ត្រីអង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងលោក ស៊ាង ចែត មេឃុំស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បើតាមលិខិតចំហដែលសរសេរដោយដៃរបស់កញ្ញាស្រីមុំដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ មេសា កន្លងទៅ បានចោទប្រកាន់ថា កញ្ញាត្រូវបានអង្គការសង្គមស៊ីវិល រួមទាំងមន្ត្រីគណបក្សសង្គ្រោះជាតិលួងលោមកញ្ញាដោយផ្តល់លុយចំនួន៥០០ដុល្លាដល់ម្តាយនាងនិងឲ្យរួបនាងមិនឲ្យទទួលស្គាល់ខ្សែអាត់សម្លែងនោះជាសម្លែងរបស់នាងនិងលោក កឹម សុខា ។ ជាងនេះទៅទៀត អង្គការទាំងនោះនឹងធានានាំរូបនាងបានទៅរស់នៅបរទេសទៀតផង។ នៅក្នុងលិខិតនោះដែរ កញ្ញាស្រីមុំ បានស្នើឲ្យតុលាការនិងអាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌និងប្តឹង លោក កឹម សុខា ឲ្យសងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ រួមទាំងសង្គមស៊ីវិលអ្នកពាក់ព័ន្ធខាងលើទាំងអស់ផងដែរ ។
អង្គភាពប្រឆាំងអំពើពុករលួយកាលពីព្រឹកថ្ងៃទី២៥ មេសា ម្សិលមិញនេះ បានប្រកាសកោះហៅមន្រ្តីសិទ្ធិមនុស្សរបស់់សមាគមការពារសិទ្ធិមនុស្សចំនួន៥រូបឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការឆ្លើយដាក់របស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។ សកម្មជនសិទ្ធិមនុស្សទាំង៥រូបនោះរួមមានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក និងលោកស្រី ទ្រី ឈូន មេធាវី នៅសមាគមអាដហុក ។
លោក ធន់ សារ៉ាយ បានលើកឡើងថា បុគ្គលិករបស់សមាគមលោកមិនបានបង្គាប់បញ្ជាឱ្យនាងនិយាយកុហកសមត្ថកិច្ចនោះទេ ប៉ុន្តផ្ទុយទៅវិញមានតែលើកទឹកចិត្តនាងឱ្យនិយាយអ្វីដែលជាការពិតប្រាប់សមត្ថកិច្ច « បុគ្គលិកយើងទាំងអស់ដែលបានធ្វើកិច្ចការងារនេះជាមួយនាង ហើយគាត់បានរាយការណ៍ជាបន្តបន្ទាប់មកអោយខ្ញុំដែរ គឺថាគាត់ឱ្យទីប្រឹក្សាច្បាប់ទៅលើគាត់ ផ្អែកទៅលើអ្វីដែលជាការរ៉ាយរ៉ាប់ការពិតដែលនាងប្រាប់មកយើង » ។
ទោះជាយ៉ាងណាលោក ធន់ សារ៉ាយ បានបញ្ជាក់ថា រូបលោកពិតជាហួសចិត្តនឹងទង្វើរបស់អង្គភាពប្រឆាំងអំពើពុករលួយយ៉ាងខ្លាំងដែលសម្រេចកោះហៅមន្រ្តីទាំង៥រូបរបស់សមាគមលោកឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺ ។ ចំណែកទាក់ទងនឹងរឿងកញ្ញា ខុម ចាន់តារាទី វិញនោះ លោក ធន់ សារ៉ាយ ថា លោកជួយនាងដោយចិត្តស្មោះកាលថ្ងៃដែលនាងលិចមុខដំបូង ។
អ្នកវិភាគធ្លាប់បានបញ្ចេញមតិថា រឿងក្តីរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ និងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិទំនងជាមានការជាប់ពាក់ព័ន្ធទៅនឹងគណបក្សប្រជាជនកម្ពុជា ហើយរឿងនោះជាការចាត់ចែងរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាទៀតផង ដើម្បីឲ្យប្រជាប្រិយភាពរបស់គណបក្សប្រឆាំងធ្លាក់ចុះ ឬអាចឈានទៅរកការបាត់បង់តែម្តង ៕