ភ្លាមៗក្រោយពីមានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បង្ហោះសេចក្តីប្រកាសព័ត៌មានមួយដែលមានទម្រង់ដូចសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារចាត់ទុកករណីឯកឧត្តម កឹម សុខា ថាជារឿងបុគ្គល មិនពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិនោះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចេញមុខបដិសេធនឹងសេចក្តីប្រកាសព័ត៌មាននោះ។លោក ហូ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងប្រាប់សារព័ត៌មានថ្មីៗថា លោកមិនដឹងថា សេចក្តីប្រកាសព័ត៌មាន ដែលគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ អ្នកណាមួយ ឬក្រុមណាមួយជាអ្នកសរសេរនោះទេ។ សូមបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៦ ខែឧសភា ដែលមានស្លាកសញ្ញា និងត្រាគណបក្សសង្គ្រោះជាតិ មានទម្រង់ដូចជាសេចក្តីប្រកាសព័ត៌មានរបស់គណបក្សនេះ ដែលត្រូវគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះក៏មានគណនីរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បង្ហោះផងដែរនោះ មានខ្លឹមសារបែបនេះថា៖ «គណបក្សសង្គ្រោះជាតិ សូមជម្រាប់ដល់អ្នកគាំទ្រទាំងអស់ថា ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី ២៦ ខែឧសភា គឺជាសកម្មភាពអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចលើករណីផ្ទាល់ខ្លួន ឯកឧត្តម កឹម សុខា ដែលមិនបានចូលតាមដីកាកោះហៅរបស់ស្ថាប័នតុលាការប៉ុណ្ណោះ»។ ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40291&lg=kh