លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣៧ឆ្នាំមកហើយ នៅថ្ងៃអង្គារនេះបានអំពាវនាវឲ្យកម្មករកម្មការិនីទាំងអស់និងប្រជាពលរដ្ឋទូទៅ បន្តគាំទ្រការដឹកនាំរបស់លោក ដែលលោកថាការគំាទ្រនេះដើម្បីកុំឲ្យមានចលាចលសង្គម។ក្នុងកម្មវិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន១០០ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ លោក ហ៊ុន សែន បានថ្លែងចំពោះមុខកម្មកររាប់ពាន់នាក់ថាដោយសារមានតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ទើបកម្មករជាង១ម៉ឺននាក់មានការងារធ្វើរហូតមកដល់ពេលនេះ។ លោកចាត់ទុកថានេះជាការខិតខំរបស់រដ្ឋាភិបាលក្នុងការជួយឲ្យប្រជាពលរដ្ឋមានការងារធ្វើ។ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យកម្មករនិងពលរដ្ឋទាំងអស់បន្តគាំទ្ររូបលោក ដោយលោកថាការគាំទ្រនេះគឺដើម្បីជៀសវាងចលាចលសង្គម។ លោកបានថ្លែងថា៖ “ខ្ញុំសង្ឃឹមថាកម្មករ កម្មការិនីក៏ដូចជាជនរួមជាតិរបស់យើងនឹងបន្តគាំទ្រការអភិវឌ្ឍបែបនេះតទៅទៅជាជាងមានភាពចលាចលកើតឡើង”។ លោកបន្តថា៖ “ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន ជាអ្នកដឹកនាំសំខាន់មួយរូបនៃគណបក្សប្រជាជន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តីនៅពេលនេះនិងជាបេក្ខជននាយករដ្ឋមន្រ្តីនៅពេលក្រោយទៀត ខ្ញុំប្តូរផ្តាច់ការពារនូវសន្តិភាព ការពារស្ថិរភាពនយោបាយនិងជំរុញការអភិវឌ្ឍឲ្យលូតលាស់លើសពីនេះថែមទៀត”។ប្រភពVOD
http://vodhotnews.com/2016/06/pm-hun-sen-called-on-workers-to-support-him-rather-than-social-instability