ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន លើកឡើងថា មិនមានវិបត្តិអ្វីមួយកើតឡើងនៅកម្ពុជា បច្ចុប្បន្ននេះទេ។ លោកបញ្ជាក់ថា ហេតុការណ៍ផ្សេងៗដែលកំពុងកើតមាន គឺជាបញ្ហាបុគ្គល ដែលមិនពាក់ព័ន្ធជាមួយលោកឡើយ។ លោក ហ៊ុន សែន ថ្លែងបែបនេះនៅព្រឹកថ្ងៃទី៧ មិថុនា ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ក្រុមហ៊ុនវិនិយោគចំនួន១០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលគាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងចិន ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅចំពោះមុខវិនិយោគិនបរទេស មន្ត្រីរាជការ និងកម្មករជាច្រើនពាន់នាក់ថា លោកមិនទទួលខុសត្រូវចំពោះវិបត្តិដែលកំពុងកើតមានឡើងនៅកម្ពុជា នោះទេ ពីព្រោះវាជារឿងបុគ្គល។ លោកមានប្រសាសន៍ថា លោកទទួលខុសត្រូវតែទៅលើការការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍសម្រាប់ប្រជាជនតែប៉ុណ្ណោះ៖ «សម័យនេះគេសប្បាយណាស់។ កាលពីសម័យខ្ញុំ ទើបវាពិបាក អាយុ ៨ឆ្នាំ សង្គ្រាមកើតឡើង ត្រូវបង្ខំចិត្តធ្វើទាហាន របួស ៥ដង ខូចភ្នែកម្តង។ ត្រង់ហ្នឹងហើយដែលខ្ញុំមិនបណ្តោយឲ្យជនណាក៏ដោយ ទោះបីអាសិរពិសប៉ុនណាក៏ដោយ បំផ្លាញនូវសន្តិភាពដែលយើងរកបានទាំងលំបាក។ អត់អនុញ្ញាតទេ។ តម្លៃណាក៏ដោយដែលត្រូវបង់ គឺបង់ថ្លៃដើម្បីការពារសន្តិភាព បង់ថ្លៃដើម្បីការអភិវឌ្ឍ បង់ថ្លៃដើម្បីការរីកចម្រើននៃប្រជាពលរដ្ឋកម្ពុជា គ្រប់ៗរូប»។ប្រភពRFA
http://www.rfa.org/khmer/news/politics/Hun-Sen-Warns-of-Actions-Against-Those-Who-Cause-National-Instability-06072016095100.html