មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តស្ទឹងត្រែង ឲ្យដឹងថា សមត្ថកិច្ច និងអាជ្ញាធរមកពីគណបក្សប្រជាជនកម្ពុជា បានរារាំងសកម្មជនរបស់ខ្លួនមិនឲ្យប្រមូលស្នាមមេដៃពីពលរដ្ឋ ដែលស្ម័គ្រចិត្តផ្ដិតមេដៃដាក់ញត្តិថ្វាយព្រះមហាក្សត្រទេ។ ពួកគេអះអាងថា ការរារាំងនេះកើតមានឡើងគ្រប់ស្រុកនៃខេត្តនេះ។សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ មិថុនា អំពាវនាវឲ្យសមត្ថកិច្ច និងអាជ្ញាធររដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាននៅស្រុកចំនួន៤ នៃខេត្តស្ទឹងត្រែង បានដកហូតញត្តិពីសកម្មជនគណបក្សសង្គ្រោះជាតិ ហើយបានព្រមានចាត់វិធានការ បើពួកគេនៅតែបន្តដើរប្រមូលស្នាមមេដៃ។ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តស្ទឹងត្រែង លោក ពុយ ចាន់ថាឡា ចោទប្រកាន់ថា ប៉ុស្តិ៍រដ្ឋបាលឃុំតាឡាត ស្រុកសេសាន និងប៉ុស្តិ៍រដ្ឋបាលឃុំកោះព្រះ ស្រុកសៀមបូក និងអាជ្ញាធរស្រុក បានរារាំងពួកគេមិនឲ្យដើរប្រមូលស្នាមមេដៃកាលពីថ្ងៃទី៦ មិថុនា រហូតមក ក្រោមហេតុផលតម្រូវឲ្យពួកគេសុំច្បាប់អនុញ្ញាតពីអាជ្ញាធរសិន។ប្រភពRFA
http://www.rfa.org/khmer/news/human-rights/stungstreng-authority-bans-cnrp-officer-to-collect-thumbprint-06082016034637.html