គណបក្សសង្គ្រោះជាតិអះអាងថាខ្លួននៅតែមានជំនឿលើអង្គព្រះមហាក្សត្រក្នុងការស្វែងដំណោះស្រាយនយោបាយពេលនេះ ហើយបានបបួលគណបក្សកំពុងគ្រប់គ្រងអំណាចចូលគាល់ព្រះមហាក្សត្ររួមគ្នាដើម្បីសុំព្រះរាជយោបល់ស្វែងរកដំណោះស្រាយនយោបាយ។នៅថ្ងៃទី១៦ខែមិថុនានេះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មាននិងអ្នកគាំទ្រនៅស្នាក់ការគណបក្សថា គណបក្សទាំងពីរមិនទាន់បានឯកភាពកំណត់ថ្ងៃជួបចរចា ដើម្បីស្វែងរកដំណោះស្រាយនៅឡើយទេ។លោក សុន ឆ័យ បន្តថាករណីនេះមានតែព្រះមហាក្សត្រទេដែលលោកថាជាតួអង្គអព្យាក្រិត្យមានឥទ្ធិពលអាចជំរុញឲ្យមានដំណោះស្រាយនយោបាយណាមួយបាន។ លោកបានអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជាចូលគាល់ព្រះមហាក្សត្ររួមគ្នា ដែលលោកថាដើម្បីទទួលយកព្រះបន្ទូលពីព្រះអង្គក្នុងការស្វែងរកដំណោះស្រាយនយោបាយ។លោកថា៖ «ខ្ញុំថាបើមិនយល់ទាស់ទេជាឱកាសមួយដែរគណបក្សទាំងពីរគឺគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ ចូលគាល់ព្រះករុណារួមគ្នា ដើម្បីថ្វាយជូនព្រះមហាក្សត្រនូវបញ្ហាទាំងឡាយ[ស្ថា្ននការណ៍នយោបាយ]បច្ចុប្បន្ននេះ ហើយដើម្បីទទួលបានព្រះរាជឱវាទដើម្បីដោះស្រាយ។ យើងជឿថាពេលព្រះមហាក្សត្រមានព្រះរាជបន្ទូលផ្តល់ជាឱវាទ គណបក្សនីមួយៗនឹងយកចិត្តទុកដាក់ខ្ពស់បំផុត»។ប្រភពVOD
http://vodhotnews.com/2016/06/cnrp-invite-cpp-to-see-the-king