លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងថ្លែងចំអកដល់គណបក្សប្រឆាំងដែលបានធ្វើពិធីបួងសួងនៅខេត្តសៀមរាបកាលពីម្សិលមិញ ដោយថាការសែនព្រេននោះមិនអាចជួយឲ្យរួចខ្លួនពីការជាប់ពន្ធនាគារបាននោះទេ។កាលពីម្សិលមិញគណបក្សប្រឆាំងបានធ្វើពិធីបួងសួងនៅខាងមុខប្រាសាទអង្គរវត្ត ដោយថាដើម្បីសុំឲ្យមានការផ្សះផ្សាជាតិ ដោះលែងតំណាងរាស្រ្ត និងសកម្មជនគណបក្សប្រឆាំង ជាពិសេសសុំឲ្យឈប់មានការធ្វើទុក្ខបុកម្នេញលើប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ក្នុងពិធីចែកសញ្ញាបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាលនៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ថ្លែងដោយមិនចំឈ្មោះគណបក្សនយោបាយណាមួយថា បើសិនជាបុគ្គលណាម្នាក់មិនបានធ្វើអ្វីខុសគឺមិនត្រូវបានគេចាប់ខ្លួននោះទេ។ លោកបន្ថែមថាការបន់ស្រន់មិនអាចជួយអ្នកប្រព្រឹត្តអំពើខុសច្បាប់បាននោះទេ។លោកបន្ថែមថា៖ “សូមផ្តាំផ្ញើមិនបាច់ទៅធ្វើបុណ្យធ្វើទានសែនព្រេនឯណាទេ ធ្វើកុំឲ្យតែខុសច្បាប់ទៅមិនដែលជាប់គុកទេ…បើយើងអត់ធ្វើអ្វីខុសមិនបាច់ទៅស្រោចទឹកពាក់កឋាកន្សែងយ័ន្តអ្វីទេ វាទៅរួចខ្លួន?…តែនិយាយឲ្យចំកុំឲ្យតែធ្វើខុសច្បាប់គឺអត់មានទោសអ្វីទេ វាមិនដែលពីណាចេះតែដើរចាប់នោះទេមុននឹងគេធ្វើអ្វីគេមានមាត្រាក្នុងច្បាប់ណា”។ប្រភពVOD
http://vodhotnews.com/2016/06/pm-scold-at-cnrp-about-the-praying-activities