មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបជំរុញឲ្យ គ.ជ.ប បើកចំហព័ត៌មានលើនីតិវិធីចុះធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោត ខណៈរដ្ឋាភិបាលនៅតែបន្តប្រើយន្តការចាស់ដែលធ្លាប់ចម្រូងចម្រាសដោយឲ្យអ្នកគ្មានអត្តសញ្ញាណប័ណ្ណអាចចុះឈ្មោះបានតាមរយៈធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ។ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានធ្វើពហិកាជិតមួយឆ្នាំដោយថាមកពីដំណើរការបោះឆ្នោតមានភាពមិនប្រក្រតីរួមទាំងការចេញលិខិតបញ្ជាក់អត្តសញ្ញាណឲ្យអ្នកអត់អត្តសញ្ញាណប័ណ្ណអាចចុះឈ្មោះនិងបោះឆ្នោតបាន។ក្រោយពីត្រូវរ៉ូវគ្នា គណបក្សទាំងពីរបានឯកភាពគ្នាធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។ ប៉ុន្តែនីតិវិធីចុះបញ្ជីបោះឆ្នោតថ្មីនេះ មន្ត្រី គ.ជ.ប អះអាងថាអ្នកដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណក៏អាចចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនេះដែរ ដោយគ្រាន់តែធ្វើលិខិតបញ្ជាក់អត្តសញ្ញាណទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានដូចមុន។ក្នុងកិច្ចពិភាក្សាតុមូលស្តីពីការស្វែងយល់ទៅលើបញ្ហានិងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ដែលធ្វើឡើងនៅសណ្ណាគារមួយក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២២នេះ ឯកអគ្គរដ្ឋទូតប្រតិភូនៃសហភាពអឺរុបប្រចាំកម្ពុជា លោក ច្សច អេដហ្គា (George Edgar) ឲ្យដឹងតាមរយៈអ្នកបកប្រែថា លោកចង់ឃើញរដ្ឋាភិបាលពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណឲ្យអ្នកដែលគ្រប់អាយុបោះឆ្នោតបានច្រើនបំផុត ដើម្បីឲ្យការធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មីពេលនេះមានអ្នកប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណតិចតួចបំផុត។ប្រភពVOD
http://vodhotnews.com/2016/06/eu-reminds-nec-to-show-a-fair-transparency-in-voting