គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាបានសម្រេចឲ្យគណៈកម្មការជំនាញនៃរដ្ឋសភាសិក្សាពីការកាត់ប្រាក់ខែរបស់តំណាងរាស្រ្តបក្សប្រឆាំងដែលមិនបានបំពេញការងារ។ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃចន្ទនេះ រដ្ឋសភាបានបញ្ជាក់ថាក្រោយពីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទនេះ គណៈកម្មាធិការអចិន្រ្តៃយ៍បានសម្រេចប្រគល់ភារកិច្ចឲ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភានិងអគ្គលេខាធិការដ្ឋានសិក្សាពិចារណាលើអវត្តមានតំណាងរាស្រ្តបក្សប្រឆាំងនិងសិក្សាលើសេចក្តីតម្រូវទាំងឡាយរបស់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ក្នុងការដាក់វិន័យចំពោះតំណាងរាស្រ្តទាំងឡាយណាដែលមិនមកបំពេញភារកិច្ចរបស់ខ្លួនដោយ”ពុំមានមូលហេតុនិងមូលដ្ឋានអាចយកជាការបាន”។ រដ្ឋសភាបានបញ្ជាក់ថា៖ “លទ្ធផលនៃការសិក្សាពិចារណាខាងលើនឹងត្រូវផ្សព្វផ្សាយជូនសាធារណៈជននិងត្រូវដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងសម្រេច”។កាលពីថ្ងៃទី២៧ ខែឧសភា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានប្រកាសថាតំណាងរាស្រ្តទាំងអស់មិនអាចបំពេញការងារនៅមន្ទីររដ្ឋសភាក្នុងកាលៈទេសៈដែលគណបក្សថាមានការរំលោភបំពានអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តជាបន្តបន្ទាប់។ប្រភពVOD
http://vodhotnews.com/2016/06/national-assembly-considers-salary-cut-for-opposition-lawmakers