ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានស្នាក់នៅក្នុងស្នាក់ការបក្សអស់រយៈពេល១ខែមកហើយនោះ បានផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មានបរទេសមួយថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតនាពេលខាងមុខហើយរូបលោកបានក្លាយជាមុខសញ្ញារបស់នាយករដ្ឋមន្ត្រី។នេះជាលើកទី១ហើយដែលលោក កឹម សុខា បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានស្នាក់នៅក្នុងស្នាក់ការបក្សនៅចាក់អង្រែលើតាំងពីថ្ងៃទី២៦ ខែឧសភា ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនរូបលោកពីអាជ្ញាធរ។ លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រោយពីបដិសេធមិនចូលទៅតាមការកោះរបស់តុលាការក្នុងនាមជាសាក្សីចនួនពីរលើក។សារព័ត៌មានReuters បានដកស្រង់សម្តីលោក កឹម សុខា មកចុះផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ថា គណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ ដោយលោកថាទោះបីជាការបោះឆ្នោតអាចមិនសេរីនិងមិនយុត្តិធម៌ក៏ដោយ។ លោក កឹម សុខា ប្រាប់Reutersទៀតថាប្រជាពលរដ្ឋខ្មែរចង់បានការផ្លាស់ប្តូរមួយបន្ទាប់ពីស្ថិតនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង៣០ឆ្នាំ។ប្រភពVOD
http://vodhotnews.com/2016/06/kem-sokha-says-hun-sen-is-afraid-of-losing-election