ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃនេះ បាននិយាយថា ក្រសួងនេះនឹងបន្តចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានល្អិតល្អន់ថែមទៀតតាមនីតិវិធី ចំពោះឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមឯករាជ្យ នៅព្រឹកថ្ងៃអាទិត្យនេះ។ក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញនៅរសៀលថ្ងៃអាទិត្យនេះ ក្រៅពីចូលរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ក្រសួងមហាផ្ទៃ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើមនុស្សឃាតដ៏សាហាវឃោឃៅនេះ ហើយក្រសួងនេះ ប្ដេជ្ញាចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានល្អិតល្អន់ថែមទៀតតាមនីតិវិធី។ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវឲ្យមហាជន ទុកលទ្ធភាពឲ្យកម្លាំងមានសមត្ថកិច្ចបន្តកិច្ចការតាមជំនាញ និងដើម្បីបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត។សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារលោកបណ្ឌិត កែម ឡី មានឈ្មោះ ជួប សម្លាប់ អាយុ ៣៨ឆ្នាំ និងមានស្រុកកំណើតនៅឯស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃពុំបានបញ្ជាក់ពីមូលហេតុនៃបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី នោះឡើយ ដោយគ្រាន់តែប្រាប់ថា ជនដៃដល់ធ្លាប់ទៅរស់នៅ និងធ្វើជាកម្មករនៅចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ។
http://vodhotnews.com/2016/07/ministry-said-that-a-thorough-investigation-will-continue-for-the-murder-of-mr-ley