មន្ត្រីនគរបាលរាជធានីភ្នំពេញ អះអាងថាសមត្ថកិច្ចនឹងបន្តស៊ើបអង្កេតបន្ថែមទៀត ទៅលើករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅក្រោយការបាញ់ប្រហារនោះ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតនៅស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យនេះ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ជនសង្ស័យឈ្មោះ ជួប សម្លាប់ ពិតជាឃាតកពិតប្រាកដ ដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងម៉ាតស្ថិតក្នុងការ៉ាស់សាំងកាល់តិច នៅម៉ោងប្រហែល ៩ព្រឹកថ្ងៃអាទិត្យនេះ។លោក ជួន សុវណ្ណ បានថ្លែងថា៖ «បន្ទាប់ពីការត្រួតពិនិត្យ និងការធ្វើកោសល្យវិច្ច័យយ៉ាងល្អិតល្អន់នៅកន្លែងកើតហេតុនិងវត្ថុតាងដែលយើងរឹបអូសបានពីជនល្មើស គឺបញ្ជាក់យ៉ាងច្បាស់ថា ជនសង្ស័យនេះ គឺជាឃាតករយ៉ាងពិតប្រាកដ ដែលបានធ្វើការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី»។ទោះជាយ៉ាងណា លោក ជួន សុវណ្ណ មិនបានប្រាប់ពីមូលហេតុដែលខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើលោក កែម ឡី នោះឡើយ ដោយលោក សុវណ្ណ បញ្ជាក់ថា សមត្ថកិច្ចជំនាញរបស់លោក ពុំអាចបកស្រាយលម្អិតអំពីព័ត៌មាន និងចម្លើយសារភាពរបស់ខ្មាន់កាំភ្លើងនោះឡើយ ដោយសារវាជាពន្លឺសម្រាប់ការស្រាវជ្រាវបន្តរបស់សមត្ថកិច្ច។ប្រភពVOD
http://vodhotnews.com/2016/07/mr-sovann-said-the-gunman-was-shot-mr-kem-ley