ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់បុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី ចំនួនពីរបទចោទ គឺកាន់អាវុធគ្មានការអនុញ្ញាតនិងបទមនុស្សឃាតគិតទុកជាមុន។អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។ បុរសម្នាក់នោះបានអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់។ ក្រុមគ្រួសារបានះអះអាងថាលោកមានឈ្មោះថា អឿត អាង ដែលមានភរិយារស់នៅក្នុងភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។អ្នកនាំពាក្យអយ្យការអមសាលាដំបូងនិងជាព្រះរាជអាជ្ញារងដែលកាន់សំណុំរឿងនេះ លោក លី សុផាណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេលេក្រាម(Telegram) នៅព្រឹកថ្ងៃពុធនេះថាជនសង្ស័យត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីរបទចោទគឺទីមួយទាក់ទងនឹងការកាន់ឬការដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាតនិងឃាតកម្មគិតទុកជាមុនតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។ប្រភពVOD
http://vodhotnews.com/2016/07/court-charges-suspect-of-leys-murder