ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានអំពាវនាវឲ្យមានអ្នកឯកទេសជំនាញត្រឹមត្រូវនិងឯករាជ្យ ស៊ើបអង្កេតលើករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយបានរិះគន់អាជ្ញាធររបស់រដ្ឋាភិបាលថាមិនបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវនូវករណីឃាតកម្មមួយចំនួនកាលពីអតីតកាល។អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។ បុរសម្នាក់នោះបានអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់។ ក្រុមគ្រួសារបានះអះអាងថាលោកមានឈ្មោះថា អឿត អាង ដែលមានភរិយារស់នៅក្នុងភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដានេះ ក្រុមសមាជិកសភាបក្សប្រឆាំងបានលើកឡើងថាកន្លងទៅឃាតកម្មមានលក្ខណៈនយោបាយមួយចំនួនដូចជាករណីវីរមេដឹកនាំសហជីព លោក ជា វិជ្ជានិង សកម្មជនបរិស្ថាន លោក ឈុត វុទ្ធី អាជ្ញាធររបស់រដ្ឋាភិបាលពុំដែលរកឃើញឃាតកពិតប្រាកដឬអ្នកនៅពីក្រោយឃាតកម្មទាំងនោះឡើយ។ តំណាងរាស្រ្តបក្សប្រឆាំងបន្តថាការស៊ើបអង្កេតនិងការសួរចម្លើយជនជាប់ចោទទៀតសោត គឺធ្វើឡើងដោយគ្មានតម្លាភាព។ ប្រភពVOD
http://vodhotnews.com/2016/07/opposition-lawmakers-alarm-credibility-over-kem-leys-investigation