អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ឲ្យចូលបំភ្លឺនៅក្នុងតុលាការនៅថ្ងៃទី០៨ សីហា តាមពាក្យបណ្ដឹងរបស់មេធាវីលោក ហ៊ុន សែន ។ ចំណែកលោក សម រង្ស៊ី តុលាការបង្គាប់ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ សីហា ។ នេះបើតាមលោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញដែលសរសេរនៅលើបណ្ដាញសង្គម Telagram នៅថ្ងៃទី០៣ សីហា។កាលពីថ្ងៃទី០១ សីហា មេធាវីរបស់លោក ហ៊ុន សែន បានដាក់ពាក្យប្តឹងលោកសម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក កែម ឡី។ បើតាមលោក គី តិច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យលោកប្តឹងលោក សម រង្ស៊ី ដែលសរសេរនៅលើទំព័រហ្វេសប៊ុកចោទរដ្ឋាភិបាលថា ជាអ្នករៀបចំអំពើភេរវកម្មសម្លាប់លោកបណ្ឌិត កែម ឡី និងប្តឹងអ្នកស្រី ថាក់ ឡានី ដែលចោទលោក ហ៊ុន សែន ថា ជាអ្នកសម្លាប់លោក កែម ឡី ។