គណបក្សប្រឆាំងប្រកាសថា គណបក្សនេះ នឹងមិនធ្វើសន្និសីទកាសែតប្រចាំថ្ងៃទៀតនោះឡើយ ចាប់ពីថ្ងៃស្អែកតទៅ។ នេះបើយោងតាមការបញ្ជាក់ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃសៅរ៍។ថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ នៅឯសង្កាត់ចាក់អង្រែលើ លោក យឹម សុវណ្ណ បានប្រកាសថា៖ «ចាប់ពីថ្ងៃស្អែកទៅ យើងនឹងមិនធ្វើសន្និសីទសារព័ត៌មានជារៀងរាល់ថ្ងៃទៀតទេ»។ទោះជាយ៉ាងណា លោក សុវណ្ណ ពុំបានបញ្ជាក់ពីមូលហេតុនៃការផ្អាកធ្វើសន្និសីទកាសែតប្រចាំថ្ងៃដូច្នេះនោះឡើយ ខណៈលោកថ្លែងថា គណបក្សប្រឆាំងនឹងប្ដូរទៅធ្វើសន្និសីទកាសែត ទៅតាមដំណើរវិវត្តន៍នៃស្ថានភាពនយោបាយ ឬតម្រូវការជាក់ស្ដែងវិញ។គណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីបង្ហាញពីការវិវត្តថ្មីៗនៃនយោបាយកម្ពុជា និងការសម្រេចចិត្តនានារបស់គណបក្សនេះ ចាប់តាំងពីលោក កឹម សុខា ប្រធានស្ដីទីគណបក្ស ត្រូវបានសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនមិនបានសម្រេចកាលពីថ្ងៃទី២៦ ខែឧសភាកន្លងមក៕ប្រភពVOD
http://vodhotnews.com/2016/08/opposition-stops-helding-daily-brief-conference-said-an-opposition-spokesman