លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេងបានបញ្ជាក់ថា សៀវភៅទស្សនទានបណ្ឌិត កែម ឡី ត្រូវបានចងក្រងឡើងដោយបែងចែកជា២ភាគ មួយភាគៗមានកម្រាស់ជាង២០០ទំព័រ។ បើតាមលោក ហង្ស វិទូ សៀវភៅក្បាលទី១ មានចំណងជើងថា «អ្នករួតវាំងននសង្គម» បង្កប់អត្ថន័យសំខាន់បី គឺជារឿងកំប្លែងឆ្លុះបញ្ចាំងពីតថភាពសង្គម តម្លៃអប់រំ និងការរិះគន់ដើម្បីស្ថាបនា។ ចំណែកក្បាលទី២ «កម្រងទស្សនសង្គម និងនយោបាយ» គឺជាទស្សនៈផ្ទាល់របស់លោក កែម ឡី ក្នុងការដោះស្រាយបញ្ហាសង្គមនិងនយោបាយ។នៅក្នុងសៀវភៅ «អ្នករួតវាំងននសង្គម» ត្រង់រឿងទី២ ដែលដាក់ចំណងជើងថា «តើមន្ដ្រីស្អាតស្អំមានរាងបែបណា» បានលើកយកសាច់រឿងកំប្លែងមួយអំពីបុរសជាមន្ដ្រី៣នាក់ពិភាក្សាគ្នា ថាតើធ្វើម៉េចទើបអាចឡើងកាំប្រាក់ខែនិងតំណែងលឿន។បើតាមលោក ហង្ស វិទូ ក្រុមចងក្រងនឹងបន្ដ «យុទ្ធនាការចែកសៀវភៅលោកបណ្ឌិត កែម ឡី» ដល់ទីតាំង៩កន្លែង ជុំវិញរាជធានីភ្នំពេញ ដូចជា តាមបណ្ណាល័យជាតិនានា ស្ថានទូត សាកលវិទ្យាល័យសុខាភិបាល សកលវិទ្យាល័យជាតិគ្រប់គ្រង សកលវិទ្យាល័យបញ្ញាសាស្ដ្រ សកលវិទ្យាល័យបៀលប្រាយ ជាដើម។លោកបន្ថែមថាការដាក់តម្កល់សៀវភៅតាមបណ្ណាល័យ គឺដើម្បីបំពេញតាមសេចក្ដីត្រូវការបស់មិត្តអ្នកអាន ពិសេសដើម្បីរក្សាទុកស្នាដៃរបស់លោក កែម ឡី ឲ្យបានគង់វង្ស។ប្រភពVOD