មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានអំពាវនាវទៅគណបក្សកាន់អំណាច ឲ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដែលលោកថា ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋចំណាកស្រុកនៅក្រៅប្រទេសឲ្យបានចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា។ការថ្លែងដូច្នេះរបស់លោក កឹម សុខា បានកើតឡើងមួយសប្ដាហ៍ក្រោយពីមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានលើកលែងទោស ហើយក្លាយទៅជាដៃគូសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំនួសលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅក្រៅប្រទេស។ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃនេះ លោក កឹម សុខា បានថ្លែងថា៖ “អីចឹងយើងទាំងពីរជាអ្នកធ្វើច្បាប់នៅក្នុងសភា យើងឃើញថា ការចុះឈ្មោះបោះឆ្នោត យើងឃើញសន្ទុះពលករខ្មែរយើងដែលទៅនៅក្រៅប្រទេស គាត់ចង់ចុះឈ្មោះបោះឆ្នោតដែរ ប៉ុន្តែ អត់មានកន្លែងចុះនៅជិតនឹង ត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសនោះ ចំណាយលុយច្រើន ចំណាយពេលច្រើន អត់លទ្ធភាព….ចឹងខ្ញុំយល់ថា គណបក្សប្រឆាំងយើង និងគណបក្សកាន់អំណាច គួរអង្គុយជជែកគ្នាដើម្បីធ្វើច្បាប់ ឬធ្វើវិសោធនកម្មច្បាប់ ដើម្បីឱ្យមានកន្លែងចុះឈ្មោះបោះឆ្នោតនៅកន្លែងណា ដែលខ្មែរយើងមានចំនួនច្រើននៅទីនោះដើម្បីងាយស្រួលបង្កឱ្យគាត់អាចចុះឈ្មោះបោះឆ្នោតបាន។ នេះជាផលប្រយោជន៍រួមទាំងអស់គ្នា”។ប្រភព៖VOD